សហរដ្ឋអាមេរិក៖សហរដ្ឋអាមេរិកបានបញ្ជាឱ្យប្រទេសចិនបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង ហ៊ូស្តុន ស្ថិតក្នុងរដ្ឋតិចសាស់នៅត្រឹមថ្ងៃសុក្រនេះ ដោយបញ្ហាបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងប៉េកាំងថា អ្នកបង្កហេតុនយោបាយ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែប្រទេសចិនកំពុងបំពាន និងលួចកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ភ្លាមៗនោះ ក្រសួងការបរទេសចិនបានថ្កោលទោសចំពោះទង្វើនេះនៅលើបណ្តាញសង្គម Twitter ព្រមទាំងនិយាយថាស្ថានទូតរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនបានទទួលការគំរាមកំហែងពីសហរដ្ឋអាមេរិកផងដែរ។
ភាពតានតឹងបាននិងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិនសំរាប់មួយរយៈពេលនេះ ដោយរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំបានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយទីក្រុងប៉េកាំងជុំវិញបញ្ហាពាណិជ្ជកម្មនិងជំងឺរាតត្បាតក៏ដូចជាប្រឆាំងនិងការដាក់ឱ្យអនុវត្តច្បាប់សន្តិសុខថ្មីដ៏ចម្រូងចម្រាសរបស់ចិនលើហុងកុង។ អ្វីដែលជាបញ្ហាបន្ថែមទៀតនោះគឺនៅថ្ងៃអង្គារក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនពីការឧបត្ថម្ភដល់ពួក Hacker ដែលបានចូលលុកលុយដល់មន្ទីរពិសោធន៍កំពុងបង្កើតវ៉ាក់សាំង Covid-19 របស់សហរដ្ឋអាមេរិក ដោយមានជនជាតិចិនពីរនាក់ដែលត្រូវបានចោទប្រកាន់ថាបានធ្វើចារកម្មលើក្រុមហ៊ុនស្រាវជ្រាវវ៉ាក់សាំងអាមេរិក។ ស្របពេលជាមួយគ្នាតាមរយៈការថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធលោក Trump បានព្រមានថាវាអាចធ្វើទៅបានជានិច្ចដែលលោកនឹងបញ្ជាឱ្យបិទកុងស៊ុលចិនបន្ថែមទៀតដោយមិនអាចដឹងទុកមុន។
លោក Pompeo បាននិយាយចោទប្រកាន់ចិនថា គណបក្សកុម្មុយនិស្តចិនកំពុងលួចមិនត្រឹមតែកម្មសិទ្ធិបញ្ញារបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្មសិទ្ធិបញ្ញាអឺរ៉ុបផងដែរដែលពួកគេចំណាយប្រាក់ការងាររាប់ពាន់ដុល្លារដើម្បីធ្វើសកម្មភាពចារកម្ម។ លោកបានបន្តទៀតថា“ យើងកំពុងដាក់ចេញនូវវធានការតឹងរឹងចំពោះគណបក្សកុម្មុយនីស្តចិននឹងមានឥរិយាបទពួកគេដើម្បីការពារប្រជាជនអាមេរិក ការពារសន្តិសុខជាតិ និងការពារសេដ្ឋកិច្ចរបស់យើង។
ប៉ុន្ដែតាមរយៈសារនៅលើបណ្ដាញសង្គមធ្វីតធ្វីតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួឈុនយី បានពិពណ៌នាពីហេតុផលទៅកាន់សហរដ្ឋអាមេរិកចំពោះការបិទស្ថានកុងស៊ុលនេះថាជារឿងគួរឱ្យអស់សំណើចដែលមិនគួរឱ្យជឿ។ លោកស្រីបានទទូចដល់សហរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះការ ការសម្រេចចិត្តខុសរបស់ខ្លួន បើមិនដូច្នេះទេចិននឹងមានប្រតិកម្មជាមួយនឹងវិធានការណ៍ម៉ឺងម៉ាត់ដើម្បីជាការឆ្លើយជាមួយសហរដ្ឋអាមេរិកវិញ។