រាជធានីតូក្យូ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចអនុម័តថវិកា រហូតដល់ទៅ១,០៣ពាន់កោដិលាន (១,០៣Trillion ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ទប់ទល់នឹងវិបត្ដិកូវីដ-១៩ កំពុងតែរាតត្បាត នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលេខរបស់ពិភពលោកមួយនេះ។
បើតាមសារព័ត៌មាន CNA បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា សេចក្តីព្រាងច្បាប់លើកញ្ចប់ថវិកាជាតិ រហូតដល់ ១,០៣ពាន់កោដិលានដុល្លារអាមេរិក ត្រូវបានអនុម័ត សម្រាប់ឆ្នាំសារពើពន្ធថ្មី គិតចាប់ពីខែមេសា ឆ្នាំ២០២១ សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតបង្កឡើងដោយការរាតត្បាត នៃវីរុសកូវីដ-១៩។ នេះជាការអនុម័តថវិកាដ៏ច្រើនលើសលប់ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ប្រទេសជប៉ុន។
សារព័ត៌មានដដែល បានបន្ដថា កញ្ចប់ថវិកាទំហំ ១០៦,៦ពាន់កោដិលានយ៉េន (106.6 Trillion) ឬស្មើនឹង ១,០៣ពាន់កោដិលានដុល្លារអាមេរិក ($1.03 Trillion) គឺជាចំនួនមួយកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួន ត្រូវបានព្យាករ ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២០នេះ។ ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២១នេះ ត្រូវបានអនុម័ត ដោយផ្អែកលើបញ្ហាជាក់ស្តែង បង្កើតឡើង ដោយការរាតត្បាត នៃកូវីដ-១៩។
ជាមួយគ្នានេះ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្ដីជប៉ុន កំពុងគិតគូរដោះស្រាយវិបត្តិនានា បង្កឡើងដោយកូវីដ១៩ និងជំរុញកំណើនសេដ្ឋកិច្ច ហើយបង្កើនប្រាក់ចំណូល តាមរយៈពន្ធ។
បើតាមគេហទំព័ររបស់ Worldometer ចេញផ្សាយ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថា ជប៉ុន មានអ្នកឆ្លងកូវីដ១៩ ចំនួន 195 880នាក់ ស្លាប់ 2 873នាក់ និងជាសះស្បើយ165 333នាក់៕